កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ លោកឧកញ៉ាទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន៤លានរៀន ជូនប្រជាពលរដ្ឋក្រីក្រ ជាអ្នកនេសាទមងក្តាមមួយគ្រួសារ ដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលអោយលិចខូចខាតទូកនោះទាំងស្រុង នៅម្តុំទំនប់កោះព្រាប កាលពីរសៀលថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២២។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងដោយមើលឃើញពីការលំបាកផ្នែកជីវភាពនិងអាណិតអាសូរដល់គ្រួសារអ្នកនេសាទរងគ្រោះ ទើបលោកឧកញ៉ា ទៀ វិចិត្រ បានចាត់ក្រុមការងារចុះជួបភ្លាមៗ និងនាំយកថវិកា ចំនួន ៤លានរៀល របស់លោកឧកញ៉ាផ្ទាល់ ទៅឧបត្ថម្ភជូនសម្រាប់បន្តអាជីវកម្មនេសាទចិញ្ចឹមគ្រួសារបន្តទៀត។

សូមបញ្ជាក់ថាគ្រួសាររងគ្រោះនេះ មានប្តីឈ្មោះ បូ ចន្ថា អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ជូ ថេង អាយុ៤២ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតនៅទំនប់រលក ក្រុមទី៣១ ភូមិ៣ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ហេតុការណ៍លិចទូកខាងលើ បើតាមជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុ រូបគាត់ជាប្តីបានចេញទូករបស់គាត់ជាប្រភេទទូកតូចៗ នេសាទដាក់មងក្តាម ដូចសព្វមួយដង ស្រាប់តែម្តងនេះ សមុទ្រមានរលកខ្យល់ខ្លាំង ធ្វើឲ្យទូករបស់គាត់បោកជាមួយរលកទៅបុកជាមួយថ្មទំនប់ក្បែរច្រាំងកោះព្រាបបណ្តាលឲ្យខូចខាតទូកទាំងស្រុង ចំណែករូបគាត់បានលោតចេញពីលើទូកហែលរកកន្លែងមានសុវត្ថិភាព។

ទាំងបុរសជាប្តីទាំងស្ត្រីជាភរិយានិងកូនៗបានគោរពថ្លែងអំណរគុណនិងជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ  ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំធ្វើដំណើរតាមផ្លូវទឹកក្នុងប៉ុន្មានថ្ងៃនេះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា បញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

(Visited 15 times, 1 visits today)