លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ នាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ ឧបត្ថម្ភដល់ក្រុមការងារជួរមុខរបស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ គ្រប់គោលដៅនៅក្នុងក្រុងព្រះសីហនុ សរុបមានចំនួនជាង១ពាន់នាក់។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងប្រធានក្រុមការងារមនុស្សធម៌អូរបីប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា ការចូលរួមនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធនេះ គឺរៀបចំឡើងក្នុងរយៈពេល ១០ថ្ងៃជាប់ៗគ្នា ដោយគិតចាប់ពីថ្ងៃទី០៧ ខែមីនា មកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ  គឺក្រុមការងាររបស់លោកឧកញ៉ា បាននាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធទាំងនោះ យកទៅចែកជូនក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមគោលដៅ ឬទីតាំងនីមួយៗ ក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តថា ដោយឡែក នៅតាមគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក តាមព្រំប្រទល់ឆ្លងកាត់ខេត្តព្រះសីហនុ រួមមាន៖ ព្រំប្រទល់ខេត្តព្រះសីហនុកំពង់ស្ពឺ, ព្រមប្រទល់ខេត្តព្រះសីហនុកំពត និងគោលដៅព្រំប្រទល់ខេត្តព្រះសីហនុខេត្តកោះកុង គោលដៅស្រុកស្ទឹងហាវជាដើម គឺ លោកឧកញ៉ា បានជួយឧបត្តម្ភថវិកាចំនួន ០៤លានរៀលបន្ថែម ពីលើគ្រឿងឧបភោគបរិភោគមានដូចជា៖ អាហារហូបចុក, ភេសជ្ជៈចម្រុះ មានទឹកផ្លែឈើ និងទឹកសុទ្ធជាដើម ជូនដល់កងកម្លាំងចម្រុះប្រចាំការនៅគ្រប់គោលដៅនីមួយៗ។

បន្ថែមលើនេះ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖ បាយ៥០ប្រអប់, កាហ្វេ១៥កញ្ចប់ធំ, ទឹកក្រូចទឹកផ្លែឈើខារ៉ាបាវបាកាស និងទឹកសុទ្ធចំនួន៥០កេស និងថវិកាចំនួន០៤លានរៀល យកទៅផ្តល់ជូនក្រុមគ្រូពេទ្យ ដែលបំពេញភារកិច្ច ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅគិលានដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចាត់ទុក សកម្មភាពនៃការចូលរួមចែករំលែក របស់លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមការងារទាំងអស់ ថាពិតជាបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរស សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមពលរដ្ឋមានឈាមជ័រខ្មែរតែមួយជាពិសេសបានជម្រុញ និងលើកទឹកចិត្តដល់ក្រុមការងារពាក់ព័ន្ធ ដែលប្រចាំការនៅតាមគោលដៅទាំងអស់ក្នុងក្រុងព្រះសីហនុ ឲ្យខិតខំបំពេញភារកិច្ចការងារ ឲ្យទទួលលទ្ធផលវិជ្ជមានល្អប្រសើរទៀត នៅថ្ងៃបន្តបន្ទាប់ខាងមុខនេះ៕

(Visited 24 times, 1 visits today)