ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី,ស្ពីដបូតកម្ពុជា (G.T.V.C, SPEED BOAD CAMBODIA) ដែលជាអ្នកស្រលាញ់ និងជាអ្នកអភិរក្សសត្វអណ្តើកសមុទ្រ ឬសត្វល្មិច ព្រមទាំងសត្វព្រៃជាច្រើនប្រភេទទៀត។ លោកបានឲ្យដឹងថា ចំពោះធ្វើការងារមនុស្សធម៌ ដើម្បីជួយដល់អ្នកទីទល់ក្រ ឬចាស់ជរាបាត់បង់កម្លាំងពលកម្ម និងការងារអភិរក្សសត្វកម្រ ផ្សេងៗ ជាពិសេសសត្វអណ្ដើកសមុទ្រ ឬសត្វល្មិច គឺជាការងារ ដែលរូបលោកពេញចិត្តធ្វើផុសចេញពីបេះដូង និងធ្វើឲ្យអារម្មណ៍ របស់លោក សប្បាយរីករាយបំផុត ហើយលោកបានលះបង់ទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនអស់ជាច្រើន ដោយមិនស្តាយស្រណោះ សម្រាប់បន្តសម្មភាពខាងលើនេះ..។

លោកឧកញ៉ា ទៀ វិចិត្រ ដែលជាប្រធានក្រុមមនុស្សធម៌អូរបី(O3) និងជាប្រធានសមាគមទូកទេសចរណ៍ ប្រចាំខេត្តព្រះសីហនុផងនោះ បានអះអាងថា រូបលោកនឹងមិនលះបង់សកម្មភាពធ្វើការងារមនុស្សធម៌នេះទេ ដរាបណារូបលោកមានវត្តមាន នៅលើភពផែនដី ដ៏ពិសិដ្ឋយើងនេះ។

លោកឧកញ៉ាឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា កន្លងមកចំពោះសកម្មភាពចូលរួមចំណែក ក្នុងកិច្ចការងារធ្វើមនុស្សធម៌ និងការងារអភិរក្សសត្វកម្រ របស់លោក គឺមិននឹកចង់បានការសរសើរ ពីផ្នែកពាក់ព័ន្ធ ឬស្ថាប័នជាតិអន្តរជាតិណាមួយនោះទេ..។ ប៉ុន្តែលោកថា ចំពោះសកម្មភាពការងារ របស់លោក បែរជាទទួលបានការគាំទ្រ និងកោតសរសើរច្រើនពី សំណាក់ថ្នាក់ដឹកនាំស្ថាប័ន្ធពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអង្គការជាតិ និងអន្តរជាតិមួយចំនួនផង។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ជាក់ស្តែងថ្មីៗនេះ មន្ត្រីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ និងអង្គការច្រើនទៀត បានជូនប័ណ្ណសរសើរលើកទឹកចិត្ត ដល់រូបលោក ជាបន្តបន្ទាប់ ដែលបានចូលរួមអភិរក្សសត្វព្រៃកម្រផ្សេងៗ រួមមាន៖ សត្វអណ្តើកសមុទ្រ ឬសត្វល្មិចជាដើម នាពេលកន្លងមក។

ការផ្តល់ជូនប័ណ្ណសរសើរជាថ្មីទៀតជូន ឧកញ៉ា ទៀ វិចិត្រ គឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នាឱកាសមន្ត្រីអង្គការអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ សហការជាមួយ លោកឧកញ៉ា ទៀ វិចិត្របាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រធំៗចំនួន២ក្បាល ដឹកយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នៅម្តុំខាងមុខ “ម៉ាហ្វីយ៉ារីស្សត” នាឆ្នេរភ្លោះ កោះឋានសួគ៌ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។

នាឱកាសនោះដែរ មន្ត្រីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ បានចាត់ទុក សកម្មភាពជួយការពារ និងអភិរក្សសត្វកម្រផ្សេងៗ នៅក្នុងប្រទេសកម្ពុជា របស់លោកឧកញ៉ា ទៀ វិចិត្រ ថាពិតជាមានសារៈសំខាន់បំផុត ដើម្បីរួមចំណែកថែរក្សាប្រភេទសត្វកម្រ ដែលជិតផុតពូជ ឲ្យសម្បូរបែបឡើងវិញ។ ក្នុងនោះលោកឧកញ៉ា ក្រៅពីបានលែងសត្វព្រៃគ្រប់ប្រភេទ ក៏មានសត្វល្មិច ឬអណ្តើកសមុទ្ររាប់រយពាន់ក្បាល និងសត្វអណ្តើកហ្លួងជាច្រើនក្បាលផង។

ផ្តើមពីបញ្ហានេះ មន្ត្រីអង្គការការពារសត្វព្រៃ និងធម្មជាតិ ក៏បានថ្លែងអំណរគុណ និងកោតសរសើរបចំពោះរាល់សកម្មភាពធ្វើការងារមនុស្សធម៌ ជាពិសេសការងារអភិរក្សសត្វកម្រនៅកម្ពុជា ដែលលោកឧកញ៉ា ទៀ វិចិត្រ បានជួយជ្រោមជ្រែងជាបន្តបន្ទាប់កន្លងមក និងបន្តសកម្មភាពតទៅថ្ងៃអនាគត់ ថាពិតជាបានចូលរួមចំណែកយ៉ាងពេញទំហឹង ក្នុងការងារចូលរួមអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចំរើន ជាមួយរាជរដ្ឋាភិបាលថែមទៀតផង៕

(Visited 385 times, 1 visits today)