ព្រះសីហនុ៖ ក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ នឹ ដងសាងសង់សណ្ឋាគារ លំដាប់ផ្កាយមួយកន្លែង នៅអូរ៣ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសាងសង់អាគារផ្សារទំនើប លំដាប់អន្តរជាតិ មួយកន្លែងទៀត នៅក្បែរនោះផងដែរ ដែលទាំងសណ្ឋាគារ និងផ្សារទំនើបទាំងពីរនេះ នឹងស្ថិតនៅកណ្តាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុតែម្តង ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកឧកញ៉ា ទៀ វិចិត្រ​ បញ្ជាក់ថា សណ្ឋាគារលំដាប់ផ្កាយមួយនេះ សាងសង់កំពស់១៨ជាន់ មានបន្ទប់ស្នាក់នៅ ចំនួនជាង៣០០បន្ទប់ និងបំពាក់បន្ថែម នូវហេដ្ឋារចនាសម្ពន្ធ័មួយចំនួនទៀត សម្រាប់ភ្ញៀវដែលមកសំរាក។

សណ្ឋាគារមួយនេះ នឹងគ្រោងសាងសង់រយៈពេល២ឆ្នាំ ដោយចំណាយថវិកា វិនិយោគលើការសាងសង់ជាង ១៤លានដុល្លាអាមេរិក។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្ថែមថា ការវិនិយោគសាងសង់ សណ្ឋាគារខ្នាតធំមួយនេះ គឺជាការចូលរួមចំណែក អភិវឌ្ឍន៍វិសយ័ទេសចរណ៍ ក្នុងខេត្តព្រះសីហនុ ក្នុងពេលដែលបច្ចុប្បន្ននេះ តម្រូវការបន្ទប់ស្នាក់នៅ សម្រាប់ភ្ញៀវមកកាន់ខេត្តព្រះសីហនុ មានការខ្វះខាត ស្របពេលដែលកំណើន អ្នកវិនិយោគពីបរទេស កើនឡើងច្រើន និងថាគម្រោងនេះ គឺជាគម្រោងទី២ ក្នុងវិសយ័ទេសចរណ៍ បន្ទាប់ពីក្រុមហ៊ុន របស់លោកឧកញ៉ា បានស្ថាបនារមណីយ៍ដ្ឋាន ម៉ាហ្វីយ៉ារីសត នៅឆ្នេរឋានសួគ៍កោះរ៉ុង ។

សម្រាប់ប្រតិបត្តិការ សេវាកម្មសណ្ឋាគារនេះ បើតាមលោកឧកញ៉ា បញ្ជាក់ថា ធ្វើឡើងដោយផ្តោតជាសំខាន់ សម្រាប់បម្រើសេចក្តីត្រូវការ របស់ពលរដ្ឋ និងអ្នកទេសចរណ៍ជាតិ ដែលមកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ៕

(Visited 77 times, 1 visits today)