លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង សហការជាមួយ សមត្ថកិច្ច ចេញទៅអន្តរាគមន៍ជួយសង្គ្រោះ ប្រជានេសាទ ដែលបានលិចទូកមួយគ្រឿង ពណ៌ត្រួយចេក មានបណ្តោយប្រវែង ១៥ម៉ែត្រ ទទឹងប្រវែង ៤ម៉ែត្រ នៅចំណុចខាងក្រៅកោះដំឡូង ប្រហែល ១ម៉ៃ ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២២ នេះ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់មានចំនួន០៣នាក់ ក្នុងនោះមានតៃកុងទូកម្នាក់ និងកម្មករទូក០២នាក់ ក្រោយកើតហេតុ ពួកគាត់បានហែលទឹកឡេីងមក កោះដំឡូង បន្ទាប់មកត្រូវបានជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។
ជនរងគ្រោះទាំង៣នាក់ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ពេជ្រ ថ្មី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរតៃកុងទូក មានស្រុកកំណេីតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។
២.ឈ្មោះ ទន់ វាសនា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណេីតនៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។
៣.ឈ្មោះ សៀម វិជ័យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណេីតភូមិរបោះខ្ទម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។
តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូកគឺបណ្តាលមកពីឧបករណ៏បូមទឹករបស់មាសុីនទូកខូច និងចំពេលរលកធំៗទៀត ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។
សុំបញ្ជាក់ថា ម្ភារៈបាត់បង់រួមមាន៖
–ទូកអូសចំនួន ០១គ្រឿង
–ម៉ាស៉ីន ចំនួន ១គ្រឿង
–ម៉ងអូស ចំនួន ៤ជង់
–ប្រេង ចំនួន ៦,០០០លីត្រ
–ទូរស័ព្ទ ចំនួន ២គ្រឿង និងរបស់ប្រេីប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ។
ជាមួយគ្នានេះ យោងតាមប្រសាសន៌របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោកឧកញ៉ាទៀ វិចិត្រ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕