ក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ រកឃើញសពអ្នកនេសាទម្នាក់ ដែលធ្លាក់ចូលសមុទ្របាត់ខ្លួន

ក្រុមការងារជួយសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់ លោកឧកញ៉ា ទៀ វិចិត្រ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានរកឃើញ សាកសព បុរសអ្នកនេសាទម្នាក់ ដែលបានធ្លាក់ពីលើទូកនេសាទ លិចបាត់ខ្លួនចូលទៅក្នុងលម្ហសមុទ្រនោះហើយ កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ​២០២២នេះ។

លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបង្ហាញការសោកស្តាយ ចំពោះមរណភាពអ្នកនេសាទរូបនេះ ​ទោះបី​ក្រុមសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំចុះល្បាតស្វែងរកជនរងគ្រោះ នៅក្នុងលម្ហសមុទ្រ ទាំងយប់ថ្ងៃបែបណាក្តី​។

​បុរសអ្នកនេសាទខាងលើនេះ បានធ្លាក់ពីលើទូកនេសាទ ហើយលិចបាត់ខ្លួន​ក្នុងលម្ហសមុទ្រ កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោកឧកញ៉ា ទៀ វិចិត្រ ​សហការជាមួយសមត្ថកិច្ច ​រកឃើញ​នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅចំណុចខាងកើតកោះដូង ​ចម្ងាយប្រមាណ ៤០០ម៉ែត្រ ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ ៤២ឆ្នាំ ​ប្រពន្ធឈ្មោះ មាស សារី អាយុ ៤៥ឆ្នាំ មានស្រុកកំណើត នៅភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។

​បុរស​កម្មករនេសាទ​​រូបនេះ បានធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុងសមុទ្រ នៅចំណុច​ខាងក្រោយឃ្លាំងស្តុកប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ​២០២២។

ប្រភពពីម្ចាស់ទូក គឺលោក អ៊ុក ស៊ិន ​អាយុ ៥០ឆ្នាំ ​បានឲ្យដឹងថា នៅពេលកើតហេតុ មនុស្ស​នៅលើទូក ​មានគ្នា ៣នាក់ ដោយ​ចេញធ្វើរបរនេសាទ​ដូចសព្វដង។ ប៉ុន្តែនៅថ្ងៃកើតហេតុ មិនដឹងជាមានរឿងអ្វីកើតឡើងទេ ក្នុងពេលពួកគាត់កំពុង​នេសាទ​ ក៏ស្រាប់តែជនរងគ្រោះ ដែលជាកូនដៃទូក បានធ្លាក់ពីលើទូក លិចចូលទៅក្នុងទឹកសមុទ្របាត់ស្រមោលឈឹងតែម្តង។ ហើយភ្លាមៗនោះ ពួកគាត់ ដែលនៅលើទូក ក៏​ខំស្វះស្វែងរកបុរសរងគ្រោះដែរ ប៉ុន្តែរកមិនឃើញសោះ។

បច្ចុប្បន្នក្រុមសង្គ្រោះក្រុមហ៊ុន របស់លោកឧកញ៉ា ទៀ វិចិត្រ ​បានដឹកយកសាកសពជនរងគ្រោះ មកប្រគល់ឲ្យក្រុមគ្រួសារ ដើម្បី​នាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចូលរួម​រំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ហើយបានចូល​បច្ចយ័បុណ្យសពចំនួន ១លានរៀលផង​៕​

(Visited 2 times, 1 visits today)