នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៨និង៥០នាទី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋម្នាក់ រស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវការសង្គ្រោះបន្ទាន់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯង ដោយជិះម៉ូតូពីភូមិកោះតូចឆ្ពោះភូមិដេីមថ្កូវ។ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម ភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីរងគ្រោះ។ស្រ្តីរងគ្រោះមាន ឈ្មោះ សន ខេន អាយុ៥០ឆ្នាំ មានមុខរបរ លក់បន្លែ បច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕