លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុនGTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋម្នាក់ទៀត រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការសង្គ្រោះបន្ទាន់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះជាស្ត្រីមានជំងឺរោគស្រ្តី និងថាការធ្លាក់ឈាមធ្ងន់ធ្ងរនេះ កើតឡើងក្រោយស្ត្រីរងគ្រោះធ្វើការ រួចក៏រអិលដួល។ សកម្មភាពជួយដឹកជញ្ជូនស្ត្រីរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្ត ធ្វើឡើងនៅរសៀលថៃ្ងទី១២ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលដំណឹងនេះភ្លាមៗ ។ ស្រ្តីរងគ្រោះមាន ឈ្មោះ ឌី វុទ្ធី អាយុ៣៩ឆ្នាំ មានប្តីឈ្មោះ ស៊ុន សុខហេង អាយុ៣៩ បច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕