នៅយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៩:៥២នាទី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុសមួយរូប ជួបគ្រោះថ្នាក់រលាកភ្លើងរងរបួសធ្ងន់ធ្ងរ (បណ្តាលមកពីឆេះជែលលាងដៃ) យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងប្រុសរងគ្រោះនោះមានឈ្មោះ វុធ រតនា អាយុ៣ឆ្នាំ មានឳពុកម្តាយរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕