នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជនរងគ្រោះ២នាក់ប្តីប្រពន្ធ រលាកភ្លើងដោយសារអគ្គីភ័យផ្ទុះកំប៉ុងហ្គាស បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះជាប្រពន្ធមានឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំ មុខរបរ កម្មករ បឹងហ្គាឡូ រងបួសឆេះពេញខ្លួនប្រាណ និងប្ដីមានឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំ មុខរបរ កម្មករបឹងហ្គាឡូ រងបួសឆេះជើង ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។បើតាមសម្ថកិច្ចមូលដ្ឋានបញ្ជាក់ថាមូលហេតុដែលបណ្តាលអោយមានអគ្គីភ័យឆាបឆេះខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសឆាបកាដុងសាំង ក៏បណ្ដាលអោយឆាបឆេះជនរងគ្រោះជាប្តីប្រពន្ធខាងលើរងរបួសធ្ងន់ធ្ងរ។
ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បានដឹកជនរងគ្រោះមកកាន់ខេត្តព្រះសីហនុដោយសុវត្ថិភាព នឹងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់។ ដោយសារស្ថានភាពស្ត្រីដែលរងគ្រោះ រលាកភ្លើងធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យ បានបញ្ជូនស្រ្តីរងគ្រោះទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យលោកសង្ឃ ក្នុងរាធានីភ្នំពេញ ក្នុងនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ប្រកាសចេញថវិកា រាល់ការចំណាយទាំងស្រុង សម្រាប់ព្យាបាលសង្គ្រោះស្ត្រីរងគ្រោះរូបនេះ ឲ្យរួចផុតពីគ្រោះភ័យ៕