ក្រុមការងារជួយសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់ លោកឧកញ៉ា ទៀ វិចិត្រ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានរកឃើញ សាកសព បុរសអ្នកនេសាទម្នាក់ ដែលបានធ្លាក់ពីលើទូកនេសាទ លិចបាត់ខ្លួនចូលទៅក្នុងលម្ហសមុទ្រនោះហើយ កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ។
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបង្ហាញការសោកស្តាយ ចំពោះមរណភាពអ្នកនេសាទរូបនេះ ទោះបីក្រុមសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំចុះល្បាតស្វែងរកជនរងគ្រោះ នៅក្នុងលម្ហសមុទ្រ ទាំងយប់ថ្ងៃបែបណាក្តី។
បុរសអ្នកនេសាទខាងលើនេះ បានធ្លាក់ពីលើទូកនេសាទ ហើយលិចបាត់ខ្លួនក្នុងលម្ហសមុទ្រ កាលពីរសៀលថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២។
បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះក្រុមហ៊ុន ជី.ធី.វី.ស៊ី របស់លោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយសមត្ថកិច្ច រកឃើញនៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅចំណុចខាងកើតកោះដូង ចម្ងាយប្រមាណ ៤០០ម៉ែត្រ ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ ៤២ឆ្នាំ ប្រពន្ធឈ្មោះ មាស សារី អាយុ ៤៥ឆ្នាំ មានស្រុកកំណើត នៅភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។
បុរសកម្មករនេសាទរូបនេះ បានធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុងសមុទ្រ នៅចំណុចខាងក្រោយឃ្លាំងស្តុកប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
ប្រភពពីម្ចាស់ទូក គឺលោក អ៊ុក ស៊ិន អាយុ ៥០ឆ្នាំ បានឲ្យដឹងថា នៅពេលកើតហេតុ មនុស្សនៅលើទូក មានគ្នា ៣នាក់ ដោយចេញធ្វើរបរនេសាទដូចសព្វដង។ ប៉ុន្តែនៅថ្ងៃកើតហេតុ មិនដឹងជាមានរឿងអ្វីកើតឡើងទេ ក្នុងពេលពួកគាត់កំពុងនេសាទ ក៏ស្រាប់តែជនរងគ្រោះ ដែលជាកូនដៃទូក បានធ្លាក់ពីលើទូក លិចចូលទៅក្នុងទឹកសមុទ្របាត់ស្រមោលឈឹងតែម្តង។ ហើយភ្លាមៗនោះ ពួកគាត់ ដែលនៅលើទូក ក៏ខំស្វះស្វែងរកបុរសរងគ្រោះដែរ ប៉ុន្តែរកមិនឃើញសោះ។
បច្ចុប្បន្នក្រុមសង្គ្រោះក្រុមហ៊ុន របស់លោកឧកញ៉ា ទៀ វិចិត្រ បានដឹកយកសាកសពជនរងគ្រោះ មកប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ ហើយបានចូលបច្ចយ័បុណ្យសពចំនួន ១លានរៀលផង៕