ក្រុមគ្រួសាររថយន្ត OFF ROAD កម្ពុជា ប្រមាណជា៥០គ្រឿង បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សាសំលៀកបំពាក់ និងថវិកាទៅចែកជូនដល់សិស្សានុសិស្ស និង ប្រជាពលរដ្ឋខ្វះខាតចំនួន២០០គ្រួសារ ស្ថិតនៅក្នុងភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍កន្លងទៅ ដឹកនាំដោយ ឯកឧត្តម ទៀ សុខា និងលោកឧកញ៉ា ទៀ វិចិត្រ

កម្មវិធី OFF ROAD សប្បុរសធម៍ទៅកាន់ ខេត្តមណ្ឌលគិរី លើកនេះ សមាជិកក្រុមគ្រួសាររថយន្ត OFF ROAD កម្ពុជាទាំងអស់បានចំណាយពេលវេលារយៈពេល២ថ្ងៃ ដោយធ្វើដំណើរ ប្រមាណជាជាង៥០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងស្ថានភាពផ្លូវលំបាកពោរពេញដោយឧបសគ្គ ឆ្លងកាត់ព្រៃ ជ្រោះ ស្ទឹង ច្រលងដងអូរ ប្រមាណជាជាង១០គីឡូម៉ែត្រទៀតពីទីរួមខេត្ត ទើបអាចឆ្លងទៅដល់ភូមិដាច់ស្រយ៉ាល របស់ប្អូនជនជាតិដើមភាគតិច

អ្នករៀបចំកម្មវិធី OFF ROAD សប្បុរសធម៌ លោក ញឹម សុវណ្ណារ៉ូ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើម របស់ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដឹកនាំដោយ ឯកឧត្តម ទៀ សុខា និង លោក ឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយទៅចែកជូនដល់សិស្សានុសិស្ស និងគ្រួសារបងប្អូនជនជាតិដើមភាគតិច ដែលកំពុងខ្វះខាតនៅភូមិ ឃុំខាងលើ និងបានផ្តល់ស្នាមញញឹម ព្រមជាមួយភាពសប្បាយរីករាយ ដោយបានគៀងគរក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ជាថវិកា ទិញជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភាគ អាវរងារ និងថវិកាមួយចំនួនយកទៅចែកជូនដល់ពួកគាត់

ដោយឡែក លោក វង្ស គឹមហួត ប្រធានក្រុម VKH CROSS COUNTRY នៃក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្ហាញអារម្មណ៍រីករាយជាមួយ និងកម្មវិធី OFF ROADសប្បុរសធម៌ ដោយលោកប្តេជ្ញា បន្តគាំទ្រ ចូលរួមជាមួយមូលនិធិ ដើម្បីជួយដល់គ្រួសារ និងសិស្សានុសិស្សខ្វះខាត នៅតំបន់ដាច់ស្រយ៉ាល់ជាបន្តទៀត

លោក កុច ប្រាណ ប្រជាពលរដ្ឋ នៅក្នុងភូមិ ឡៅរមៀត បានលើកឡើងថា ភូមិរបស់លោកបានកកើត នៅឆ្នាំ១៩៨៧ ប្រជាពលរដ្ឋនៅទីនេះ ជាជនជាតិដើមភាគតិច គឺផ្នងការយល់ដឹងមានកម្រិត ហើយ ជីវភាពវិញគឺលំបាក ពុំសូវមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ នោះទេ ដោយសាតែសណ្ឋានភាពផ្លូវលំបាក លោក ក្នុងនាមតំណាងប្រជាពលរដ្ឋ សូមថ្លែងអំរគុណយ៉ាងខ្លាំងចំពោះសប្បុរសជនក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដែលនាំយកអំណោយមកដល់ទីភូមិដាច់ស្រយ៉ាលនេះ លោកចាត់ទុកអំណោយនេះ ជាការជួយរំលែកការលំបាកមួយគ្រារបស់បងប្អូនជាតិជាតិដើម ភាគតិចដែលរស់នៅដាច់ស្រយ៉ាល់ពីទីប្រជុំជន

ដោយឡែក ឯកឧត្តម ទៀ សុខា មានប្រសាសន៍ថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្កើតឡើងប្រមាណជា៧ឆ្នាំមកហើយ និងបានចូលរួមជួយផ្សព្វផ្សាយ ពីតំបន់អេកូទេសចរណ៍ និងតំបន់ធនធានធម្មជាតិ នៅកន្លែងដាច់ស្រយ៉ាលជាច្រើន នៅក្នុងប្រទេសកម្ពុជា ដូចជា តំបន់ខ្នងផ្សារ តំបន់អារ៉ែង ឆាយរាបជាដើម ជាពិសេសមហាគ្រួសាររថយន្ត Off Road តែងតែ គៀងគរថវិកាមូលនិធិសប្បុរសធម៌ ទិញជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ និងអារងារទៅចែកជូនដល់បងប្អូនៗ និងក្មួយៗ នៅតំបន់ដាច់ស្រយ៉ាលទាំងនោះ ក្នុងន័យរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់សង្គមជាតិ ដើម្បីតបស្នងដល់គុណនូបការៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា ដែលជាបុគ្គលឆ្នើមជួយឲ្យប្រទេសរស់ក្នុងសន្តិភាព ជាមួយគ្នានោះ ឯកឧត្តម ក្នុងនាមថ្នាក់ដឹកនាំក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានផ្តាំផ្ញើរក្រើនរំលឹក ដល់ប្រជាពលរដ្ឋសូមរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងខិតខំបង្កបង្កើនផលដំណាំស្រូវ ដើម្បីជួយទ្រទ្រង់ជីវភាព

គួររំលឹកថា ក្រុមរថយន្តកីឡារថយន្ត OFF ROAD កម្ពុជា បានបង្កើតតាំងពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០២០ និងមានសមាជិកគ្រួសាររថយន្ត OFF ROA កម្ពុជា គិតមកដល់ពេលនេះ ជាង២០០គ្រឿងហើយ គោលបំណងសំខាន់របស់ក្រុមគ្រួសារមហា Off Road ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ ជាចំណែកមួយជួយដល់សង្គម ជាពិសេសនោះជួយជម្រុញវិស័យកីឡារថយន្ត OFF ROAD អោយកាន់តែផុសផុលបន្ថែមទៀត នៅកម្ពុជាផងដែរ សូមទស្សនាវីដេអូខាងក្រោម:

(Visited 215 times, 1 visits today)